ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ដំឡើងឋានៈ លោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល!

ភ្នំពេញ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងឋានៈជា អនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។

ការតែងតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមុនការតែងតាំងនេះ លោកមានតួនាទីជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាសមាជិកគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលផងដែរ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាបច្ចុប្បន្ននេះ ដឹកនាំដោយ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។ លោកអះអាងថា ការដំឡើងឋានៈនេះ គឺបន្ថែមលើមុខងារបច្ចុប្បន្នរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។

លោកបានបញ្ជាក់បន្ថែមថា គណៈចលនាមហាជន មានតួនាទីសំខាន់ ក្នុងការឃោសនាផ្សព្វផ្សាយ អំពីគោលនយោបាយ ដែលធ្វើយ៉ាងណាឱ្យមហាជនមានការយល់ដឹង ជឿជាក់ និងដើរតាមការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាផ្លូវការ កាលពីទី១៣ ខែមិថុនា ឆ្នាំ២០២០។ ការតែងតាំងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវជននានា នៅក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *