ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

អជ្ញាធរខេត្តកណ្តាល បានចុះផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នៅស្រុកខ្សាច់កណ្ដាល!

(ខេត្តកណ្តាល)៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា គោលបំណងនៃការផ្សព្វផ្សាយច្បាប់ទាក់ទងនឹងការជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើផ្លូវភេទ និងការធ្វើចំណាកស្រុកដោយខុសច្បាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះគឺចងឲ្យបងប្អូនប្រជាពលរដ្ឋបានជ្រួតជ្រាប ទុកជាចំណេះដឹង និងបទពិសោធន៍ដើម្បីការពារ និងអប់រំកូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំឲ្យចាញ់បោកកលល្បិចជនខិលខូចមួយចំនួន ដែលជាមូលហេតុធ្វើឲ្យពួកគាត់ងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ និងកម្លាំងពលកម្ម។

លោកជំទាវ បានបញ្ជាក់ដូច្នេះនៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន
ដែលវេទិកានេះត្រូវបានរៀបចំឡើង នៅសាលាស្រុកខ្សាច់កណ្ដាល កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២០ ដោយមានការចូលរួមពី លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងខេត្តកណ្ដាល អភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងពលករ ពលការិនីជាង ៦០ នាក់។

លោកជំទាវបានមានប្រសាសន៍ថា បច្ចុប្បន្ននេះរូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរកេងប្រវ័ញ្ច កម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ តែក៏មានការលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពើជួញដូរសិរីរាង្គ និងបទល្មើសរត់ពន្ធ និងជួញដូរទារកឆ្លងដែន ដែលហៅថាបទអន្តរការី នៃអំពើពរពោះជំនួស ដែលបញ្ហានេះគឺជាកង្វល់របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលាចៀសវាងការរីករាលដាលបទល្មើសនិងបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងច្រើនឡើងៗ។

លោកជំទាវបានបញ្ជាក់បន្តថា ការធ្វើចំណាកស្រុកឆ្លងដែនគ្មានឯកសារផ្លូវច្បាប់ត្រឹមត្រូវបានកើតឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយពលករទាំងនោះជារឿយៗត្រូវបានទទួលរងការកេងប្រវ័ញ្ចគ្រប់រូបភាព តាំងពីចេញដំណើរឆ្លងដែនរហូតដល់កន្លែងការងារ ដូចជាទទួលរងគ្រោះដោយការចាប់ឃាត់ខ្លួនដាក់ពន្ធនាគារ ការផាកពិន័យ ការចាប់បញ្ជូនត្រឡប់ ការមិនផ្ដល់ប្រាក់កម្រៃពលកម្មពេញលេញ ការបញ្ជូនបន្តទៅធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬនៅឆ្ងាយដែលមិនអាចទំនាក់ទំនងទៅគ្រួសារបាន មានការដកហូតអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែន ការធ្វើទារុណកម្មការ រហូតបាត់បង់ជីវិតជាបន្តបន្ទាប់។

ក្នុងវេទិកានោះ លោកស្រីវរសេនីយ៍ឯក ឈឹម វ៉ាន់នី ស្នងការរងនគរបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយច្បាប់ ជូនដល់អ្នកចូលរួមទាំងអស់ ដោយបញ្ជាក់ជូននូវមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនិង ការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឲ្យមានកើតបទល្មើសដោយចេតនាផងដែរ។

យោងតាមមាត្រា១១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរ មនុស្ស និង អំពើ ធ្វើ អាជីវកម្ម ផ្លូវ ភេទបានចែងថា ជន ណា ដែល នាំ យក ជន ដទៃ ចេញ ដោយ មិន ស្រប ច្បាប់ ក្នុង គោលដៅ ប្រគល់ ឬ នាំ យក ទៅ ក្រៅ ព្រះរាជាណាចក្រ កម្ពុជា ត្រូវ ផ្ដន្ទាទោស ដាក់ ពន្ធនាគារ ពី ៧ ឆ្នាំ ដល់ ១៥ ឆ្នាំនិង ផ្ដន្ទាទោសឧក្រិដ្ឋជន ដាក់ ពន្ធនា គារ ពី ១៥ ឆ្នាំ ទៅ ២០ ឆ្នាំ ក្នុង ករណី ដែល ជនជនរងគ្រោះជាអនីតិជន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *